កោះស្តេច​​៖​អ្នកអាចគយគន់ទេសភាពនៅថ្ងៃលិចដ៏ស្រទន់​ព្រមជាមួយឆ្នេរសមុទ្រដ៏សក្បុសជាពិសេសទឹក​សមុទ្រដ៏ខៀវស្រងាត់ផងដែរ។​នៅទីនោះសំរាប់ភ្ញៀវបរទេសភាគច្រើន​ចូលចិត្តការហែលទឹកលេងកំសាន្ត​និងស្ទួចត្រីនៅ​លើទូកអ្នកនេសាទ​ឬទូកទេសចរណ៍។​ក្រៅពីនេះនៅទីនោះក៏មានកន្លែងជាច្រើនដូចជាៈ​កន្លែងវាយកូនហ្គោល​ឆ្នេរសមុទ្រដែលបានកែច្នៃដ៏ស្រស់ស្អាត​មានកន្លែងលេងល្បែងនៅក្នុងរីសត​ការជិះកង់កំសាន្តជុំវិញកោះ​ការដើរលេងកំសាន្តនៅតាមជ្រលងភ្នំជាលក្ខណៈផ្សងព្រេងជាដើម។


    កោះ​ស្ដេច​ គឺជា កោះ​ធម្មជាតិ​មួយ ឋិត​នៅ​ក្នុង​​ភូមិ កោះស្តេច ឃុំកោះស្ដេច ស្រុក​គីរីសាគរ ដែល​លាត​សន្ធឹង​តាម​បណ្ដោយ​សមុទ្រ​មាន​​ចម្ងាយ​ប្រមាណ​ជាង ៨១ គីឡូម៉ែត្រ ពី​ទីរួម​ខេត្ត​កោះកុង។ កោះ​ស្ដេច​ មាន​ចំងាយ​ប្រមាណ​ជា ២៥០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ដោយ​ត្រូវ​ធ្វើ​ដំណើរ​​ជា​ពីរ​ដំណាក់​កាល​ គឺ​ផ្លូវ​គោក និង ​ផ្លូវ​ទឹក​ ដោយ​ជិះ​អូប័រ​ (ទូក​តូច​ដែល​មាន​ល្បឿន​លឿន)។ រមណីយដ្ឋាន​កោះស្ដេច មាន​ឆ្នេរ​ខ្សាច់ស​​ស្អាត មាន​ផ្ទះ​សំណាក់​ និង ទេសភាព​ស្រស់​ស្អាត​សម្រាប់​លំហែលំហើយ​ ព្រោះ​មាន​កោះ​ជាច្រើន​នៅ​ជុំ​វិញ និង ព្រៃ​ធម្មជាតិ។



    ទន្ទឹមគ្នា​នេះ​ ភ្ញៀវ​ទេសចរ​​អាច​ជួល​ទូក​ជិះ​ទៅ​ស្ទូច​ត្រី​ មុជ​ទឹក​សមុទ្រ​ មើល​ផ្កា​ថ្ម និង​ ប្រព័ន្ធ​ជីវចម្រុះ​ នៅ​បាត​សមុទ្រ ព្រម​ទាំង​មាន​​ទូក​យន្ត​សម្រាប់​ដឹក​អ្នក​ទេសចរ​ជាតិ និង អន្តរជាតិ ពី​កោះ​ស្ដេច​ទៅ​ទស្សនា​​តំបន់​កោះ​នានា ឋិត​នៅ​ប្រជុំ​កោះ​ក្បែរ​ៗ​នោះ​ទៀត​ផង។ មួយ​វិញ​ទៀត​ នៅ​រមណីយដ្ឋាន​ កោះស្ដេច​ ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ ក៏​អាច​មើល​ថ្ងៃ​រៀប​លិច​ដ៏​ស្រស់​ស្អាត ដែល​ជាទី​កម្សាន្ត​ បំបាត់​ទុក្ខ​កង្វល់​របស់​ប្រិយមិត្ត​ បន្ទាប់​ពី​បំពេញ​ការងារ​យ៉ាង​នឿយ​ហត់​ពេញ​មួយ​សប្ដាហ៍​កន្លង​មក​។




    ក្រោម​ការ​បណ្តាក់ទុន​វិនិយោគ និង​អភិវឌ្ឍន៍​ពី​ក្រុមហ៊ុន​ចិន «​យូ​ញៀន គ្រុប​» ( UNION GROUP ) កោះ​ស្តេច​ស្ថិត​នៅ​ស្រុក​គិរី​សាគរ ខេត្តកោះកុង នឹង​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​ក្នុង​លំហ​សមុទ្រ ដែល​គួរ​ឲ្យ​ទាក់ទាញ​បំផុត ។ កោះ​ស្តេច​ត្រូវ​ក្រុមហ៊ុន​វិនិយោគ UNION GROUP ដាក់​ទុន​វិ​និយោគ​ជា​ច្រើន​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍន៍​ឲ្យ​ក្លាយជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ទំនើប និង​មាន​ភាព​ល្បីល្បាញ​នៅ​កម្ពុជា គួប​ផ្សំ​ទៅ​នឹង​ការ​អភិវឌ្ឍ​ច្រក​សេដ្ឋកិច្ច​ដឹក​ជញ្ជូន​ខ្នាត​អន្តរជាតិ​ដ៏​ធំ​ភ្លា​ប់​ទៅ​នឹង​ពិភពលោក។



    លោក​លី តៅ អគ្គនាយក​ក្រុមហ៊ុន​យូ​ញៀន​គ្រុប កាលពី​ពេល ថ្មី​ៗ​នេះ​បង្ហាញ​ឲ្យ​ដឹង​ថា តំបន់​កោះ​ស្តេច​គ្មាន​ព្រៃឈើ​និង​រ៉ែ​ក្រោម​ដី​សម្រាប់​ជា​ថ្នូរ​ទៅ​នឹង​ការ​អភិវឌ្ឍ​ដ៏​ធំ​នៅ​ទីនោះ​ឡើយ ផ្ទុយ​ទៅ​វិញ​ទីតាំង​ភូមិសាស្ត្រ​ដី ព្រៃ ភ្នំ ឆ្នេរ​នៅ​ទីនោះ ជាទី​តាំង​មាន​ហុងស៊ុយ មាន​លាភ​សំណាង​ដល់​ក្រុមហ៊ុន UNION GROUP តាម​រយៈ​ការ​ឆ្លុះ​បញ្ចាំង​ឃើញ​ថា ទីនោះ​មើល​ពីលើ​ឃើញ​ដូច​នាគ​ក្បាល​៧ ។ ទីតាំង​ភូមិសាស្ត្រ​ល្អ​បែប​នោះ គ្មាន​ទេ​លើ​ពិភពលោក​។ លោក​លី តៅ ប្រាប់​ថា ជំហាន​ដំបូង​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ផ្ទៃដី​ជាប់​ឆ្នេរ​ប្រមាណ​១៥.000​ម៉ែត្រការ៉េ ក្រុមហ៊ុន​បាន​សម្រេច​ធ្វើ​ទីលាន​វាយកូនគោល​រួច​ហើយ មាន​១៨​រន្ធ រួម​ទាំង​កសាង​ផ្លូវថ្នល់​ដ៏​ធំ​មួយ​ប្រវែង​៦0​គីឡូម៉ែត្រ​ភា្ជ​ប់​ពី​ផ្លូវជាតិ​លេខ​៤៨ ទៅ​កាន់​តំបន់ឆ្នេរ និង​ធ្វើ​ប្រព័ន្ធ​ទឹក​ភ្លើង​ដោយ​ចំណាយ​អស់​ប្រមាណ​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក ។