រមណីយដ្ឋានKampot River Residence ជាកន្លែងកម្សាន្តធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលមានទីតាំងស្ថិតនៅភូមិកំពង់ក្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។ ទីកន្លែងនេះ ព័ទ្ធជុំវិញទៅដោយជួរភ្នំ វាលស្រែពណ៌បៃតងខ្ចី ដងព្រែកដែលមានទឹកថ្លាយង់គួរឲ្យចង់គយគន់មិនជិនណាយ។


    ក្រៅពីមានទេសភាពស្អាតហើយរមណីយដ្ឋានមួយនេះក៏មានកន្លែងស្នាក់នៅដ៏មានផាសុកភាពផងដែរ គឺមានផ្ទះសង់ពីឈើ នៅដាច់ៗពីគ្នា។ ការតុបតែងនៅខាងក្នុងមានរបៀបរៀបរយ តាមលក្ខណៈបុរាណ និងសម័យ ដែលអាចស្នាក់នៅជាលក្ខណៈ ក្រុមគ្រួសារ មិត្តភក្តិ ឬគូស្នេហ៍ ។



    បឹងកាឡូធម្មជាតិមួយមានចំងាយ ប្រមាណ ២គីឡូមែត្រ ពីសារមន្ទីខេត្តកំពត លោកអ្នកអាចលំហែកាយជួបជុំជាមួយគ្រួសារ មិត្តភក្តិ ក្នុងថ្ងៃឈប់សម្រាកយ៉ាងរីករាយបំផុត។ Yellow Sun Hostel ដែលជាកន្លែងស្នាក់នៅជាលក្ខណៈបឹងកាឡូបែបធម្មជាតិនៅខេត្តកំពត មានសួនច្បារ និង បារសម្រាប់លេង កម្សាន្ត មិនតែប៉ុណ្ណោះ យើងអាចជិះទូកលេងកម្សាន្តតាមមាត់បឹងទៀតផង។



    ដោយឡែក បន្ទប់ស្នាក់នៅវិញ សម្រាប់ថ្ងៃធម្មតា រឺថ្ងៃបុណ្យ បន្ទប់បឹងកាឡូមាត់ទឹក រឺជិតមាត់ទឹក តម្លៃត្រឹមតែ ១២ដុល្លារក្នុងមួយយប់។ បោះតង់មួយយប់ ៥ ដុល្លារ មានតង់ ពូក ខ្នោយ ភួយ និងកន្សែងអាចគេងបានពីនាក់។ ជាងនេះទៀត ក៏មានបន្ទប់ប្រភទធំបែប Dorm គេងបាន ១០នាក់ មួយនាក់ ៤ដុល្លារក្នុង មួយយប់។



    ភ្ញៀវទេសចរណ៍ អាចកម្សាន្តតាមរយៈការជិះទូកនៅក្នុងទឹកព្រែកដ៏ថ្លាឈ្វេង គយគន់ទេសភាពនៅតាមមាត់ព្រែកដ៏ស្រស់បំព្រង។ ចំពោះតម្លៃវិញ រយៈពេល ១ម៉ោងត្រឹមតែ៥ដុល្លារប៉ុណ្ណោះ។ ពិសេសប្រិយមិត្តក៏អាចសាកល្បងការកម្សាន្តថ្មី បែបព្រឺព្រួច នោះគឺការជិះខ្សែរ៉តចេញពីដើមឈើកម្ពស់ជាង ១០ម៉ែត្រ ដើម្បីឆ្លងពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត ដែលមានប្រវែងប្រមាណ ២០០ម៉ែត្រ មានតម្លៃ ៧.៥ដុល្លារ៕