ភ្នំគូលែន ​មានប្រាង្គ​ប្រាសាទ បុរាណ​ដ្ឋា​ន និង​ពើង​ធម្មជាតិជាង ៤០០​កន្លែង ទេសភាពស្អាត ដូចក្នុងរឿងនិទាន


    គូលែន ជា​ភ្នំ​ដ៏​ពិសិដ្ឋ​របស់​ប្រជាជាតិ​ខ្មែរ តាំងពី​បុរាណកាល​រហូតដល់​បច្ចុប្បន្ន ដោយសារ​នៅ​ទីនោះ​ជាទី​បុរាណ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ ពោរពេញ​ ដោយ​សម្បត្តិ​វប្បធម៌ សាសនា ធនធានធម្មជាតិ ច្រើន​សម្បូរបែប ដែល​ភ្ញៀវទេសចរ​និយម​ទៅ​ទស្សនា​ជាប់​ឥត​ដាច់ ប៉ុន្តែ​កន្លែង​មួយចំនួន​មិនទាន់មាន​ភ្ញៀវ​ទៅ​ទស្សនា​ច្រើន​នៅឡើយ​ទេ។​


    លោក ងិន សារុន បុគ្គលិក​ផ្នែក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវបាន​បាន​អ្នក​សា​រព័ត៌មាន​ដកស្រង់​សំដី​ថា នៅលើ​ភ្នំ​គូលែន បើ​រាប់ទាំង​ប្រាង្គ​ប្រាសាទ បុរាណ​ដ្ឋា​ន និង​ពើង​ធម្មជាតិ​មាន​ប្រមាណ​ជាង ៤០០​កន្លែង ក្នុងនោះ​មាន​ប្រាង្គ​ប្រាសាទ​ដែល​ត្រូវបាន​រកឃើញ​ចំនួន ៤២​ប្រាង្គ និង​សង្ឃឹមថានឹង​រកឃើញ​ថ្មីៗ​ទៀត តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឡាយ​ដា (Lidar)​។ មានន័យថា បច្ចុប្បន្ន អាជ្ញាធរ​មិនទាន់បាន​រកឃើញ​បុរាណ​ដ្ឋា​ន និង​ប្រាង្គ​ប្រាសាទ ដែល​កប់​ក្នុង​ស្រទាប់ដី​នៃ​ភ្នំ​គូលែន​បាន​សព្វ​អស់​នៅឡើយ​ទេ​។​



    យ៉ាងណាមិញ កន្លងមកទីកន្លែង​ដែលមាន​ភ្ញៀវទេសចរ​ទៅ​ទស្សនា​ច្រើនជាងគេ មានដូចជា បរិវេណ​ព្រះអង្គ​ធំ ទឹកធ្លាក់ ក្បាលស្ពាន និង​ស្ទឹង​លិង្គ​មួយ​ពាន់​។​ដោយឡែក ទី​ដែលមាន​ប្រាសាទបុរាណ ដូចជា ស្រះ​ដំរី ប្រាសាទ​អូរ​ផ្អុង ប្រាសាទ​អូរ​តូប ប្រាសាទ​អារាម​រង​ចិន ប្រាសាទ​គគីរ និង​ប្រាសាទ​ជាច្រើន​ទៀត​នោះ ភ្ញៀវទេសចរ​មួយចំនួនធំ​មិនទាន់បាន​ចូលទៅ​ដល់​នោះទេ​។ លក្ខណៈពិសេស​មួយទៀត នៅពេល​ទៅដល់​ស្រះ​ដំរី ភ្ញៀវទេសចរ​អាច​គយ​គន់​ទេសភាព​ទៅដល់​ភ្នំ​បូក ភ្នំ​ដី និង​ទិដ្ឋភាព​ក្រុង​សៀមរាប​ពី​ចម្ងាយ​បាន​ផងដែរ​។​



    ក្រៅពីនេះ ភ្នំ​គូលែន​នៅមាន​ពើង​ធម្មជាតិ​ជាច្រើន​ទៀត ដូចជា ពើង​តា​រដ្ឋ ពើង​ជ្រួញ ពើង​គំនូរ ក៏​ជាទី​គយគន់​ទេសភាព​នៅតាម​ជើងភ្នំ​យ៉ាង​ស្រស់បំព្រង ប៉ុន្តែ​អ្វីដែល​គេ​សង្កេតឃើញ​នាពេល​កន្លងមក គឺ​ភ្ញៀវទេសចរ​ភាគច្រើន មិន​ទៅ​ទស្សនា តាម​រមណីយដ្ឋាន​ទាំងនោះ​អស់​ឡើយ៕