ឆ្នេរភូមិនេសាទគឺជាតំបន់លំហែកាយមួយ​ដែលមានសម្រស់ធម្មជាតិដ៏ស្រស់បំព្រង​និងមានឆ្នេរសមុទ្រសម្រាប់ភ្ញៀវទេសចរងូតទឹក​និងសម្រាកកាយផងដែរ។នៅពេលបានមកដល់ឆ្នេរភូមិនេសាទ​ភ្ញៀវទេសចរជាតិ​និងអន្តរជាតិអាចទៅលេង​លើខ្សាច់សស្អាត​មាន​ដើមដូងដុះខ្លះទេរ​ខ្លះត្រង់​និងអាចទស្សនាសម្រស់​ព្រះសុរិយាអស្តង្គត​និងរលកសមុទ្រព្រិចៗ​គួរឲ្យចង់គយគន់មិនជិនណាយ។​ពិសេសជាងនេះទៅទៀត​យើងក៏អាចស្នាក់នៅ​និងកុម្ម៉ង់អាហារ​ភេសជ្ជៈផ្សេងៗ​ញុំាជាលក្ខណៈគ្រួសារ​មិត្តភក្តិ​ប្រកបទៅដោយភាពរ៉ូម៉ែនទិកនៅប្របមាត់ឆ្នេរ​នេសាទផងដែរ។

    ឆ្នេរនេសាទ មានទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ក្រោមម្លប់ដើមដូងត្រជាក់
ជាទីកន្លែងស្រូបយកខ្យល់អាកាស និងមុជទឹកកម្សាន្តរីករាយ ដែលមានទីតាំងស្ថិត ក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល មានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រ (គ្រួសក្រហម) ពីចំណុចផ្លូវបំបែកស្រែអំបិល ពីក្រុងខេមរភូមិន្ទ ប្រហែល ១៦៥ គីឡូម៉ែត្រ និងប្រហែល ១៧០គ.ម ពីរាជធានីភ្នំពេញ។